ក្រោយប្រើ Macbook មួយរយៈ ប្រហែលជាមានអារម្មណ៍ប្លែកទៅនឹងដំណើរការរបស់ម៉ាស៊ីន។ មិនបាច់ចម្លែកចិត្តនោះទេ បញ្ហាទាំងនេះ ហាក់ក្លាយសាមញ្ញសម្រាប់អ្នកប្រើ Macbook ទៅហើយ។
តោះ មកដឹងពីដំណោះស្រាយបញ្ហាកើតមានទូទៅទាំង ៥ លើ Macbook។
១. បញ្ហាពេលបើកប្រព័ន្ធ
បើ Mac បើកដំណើរការប្រព័ន្ធមិនប្រក្រតី បើកគាំង មិនចេញអ្វីទាំងអស់ អ្នកគួរចូលទៅកាន់ Safe Mode ដើម្បីធ្វើការខ្លះ។
ក្នុង Safe Mode ប្រព័ន្ធ MacOS ប្រើកម្មវិធី និង Driver តិចតួចបំផុត។ វាក៏ធ្វើការត្រួតពិនិត្យមើល Disk និងជួសជុលបញ្ហាលើ Directory មួយចំនួន ដែលបណ្ដាលឲ្យបើកគាំងផងដែរ។
ដើម្បីចូល Safe mode ចុចប៊ូតុងបើក Mac ធម្មតា > រួចចុចប៊ូតុង Shift ឲ្យជាប់ > និមិត្តសញ្ញារូប Apple នឹងបង្ហាញ (ប្រលែងដៃពីប៊ូតុង Shift ពេលឃើញរូប Apple បង្ហាញ) > អ្នកនឹងឃើញផ្ទាំង Login។
អ្នកប្រហែលជាត្រូវរង់ចាំប៉ុន្មាននាទី ដោយ MacOS ដំណើរការពិនិត្យលើ Hard Disk។
ដើម្បីចេញពី Safe Mode ចូលប្រើប្រព័ន្ធធម្មតា អ្នកអាចបិទបើកម៉ាស៊ីនដូចរាល់ដង តែមិនបាច់ចុចប៊ូតុងអីនោះទេ។
២. កម្មវិធីប្រើមិនបានលើប្រព័ន្ធ (Login Items)
បើឃើញផ្ទាំងពណ៌ខៀវមួយផ្លេតៗ ពេលបើកប្រព័ន្ធ Mac នោះមានកម្មវិធីណាមួយកុងជាមួយ MacOS។ អាចចូលទៅកាន់ Safe Mode ឬចូលប្រព័ន្ធធម្មតា ករណីចូលបាន។
អ្នកអាចសាកល្បងលុបកម្មវិធីមួយៗ ដើម្បីប្រាកដថាបញ្ហានឹងបានដោះស្រាយ។ ចូលទៅកាន់ System Preferences > Users & Groups > ចុចលើឈ្មោះឆ្វេងខាងក្រោម Current User> ចុចលើ Tab ឈ្មោះ Login Items ខាងលើផ្នែកខាងស្ដាំ។
អ្នកអាចចុចលើកម្មវិធីណាមួយ រួចចុចប៊ូតុងសញ្ញាដកនៅខាងក្រោម > បិទបើកម៉ាស៊ីន រួចពិនិត្យមើលលទ្ធផល។ បើចង់បន្ថែមកម្មវិធីបានលុបមកវិញ អាចចុចលើប៊ូតុងសញ្ញាបូក នៅផ្ទាំងដដែល រួចជ្រើសរើសកម្មវិធីពី Application folder។
៣. កម្មវិធីគាំង
ពេលកម្មវិធីគាំង អ្នកប្រហែលជាមិនអាចធ្វើការអ្វីបាននោះទេ។ មិនអាចសូម្បីតែបិទកម្មវិធីនោះតាមធម្មតាដូចរាល់ដង ចុចសញ្ញាខ្វែង នៅគែមផ្ទាំង។
អ្នកអាច Force Quit (បង្ខំបិទតែម្ដង)។ ដោយចុចលើប៊ូតុង Command + Option + ESC > ជ្រើសរើសកម្មវិធីចង់បិទ > ចុចប៊ូតុង Force Quit។
៤. Mouse វិលជាប់
ពេលឃើញ Mouse វិលជាប់ មានន័យថាមានអ្វីកំពុងដំណើរការប្រើ Resources (CPU និង RAM) ច្រើនធ្វើឲ្យគាំង។
អ្នកអាចបើកកម្មវិធី Activity Monitor > នឹងឃើញចំនួន CPU និងមេម៉ូរី ដែលកម្មវិធីនីមួយៗកំពុងប្រើ។ បើឃើញមានកម្មវិធីប្រើលើសកម្រិត ហើយចង់បិទ អាចចុចលើកម្មវិធីមួយនោះ > ចុចលើអក្សរ X នៅជ្រុងខាងឆ្វេង > ជ្រើសរើស Quit ឬ Force Quit។
៥. ប្រើអ៊ីនធឺណិតមិនបាន
ពេលខ្លះ MacBook អ្នកមិនអាចប្រើអ៊ីនធឺណិត (Wi-Fi) បាន ខណៈឧបករណ៍ផ្សេងភ្ជាប់ប្រើបានធម្មតា។
អ្នកគួរភ្ជាប់បណ្ដាញនោះប្រើម្ដងទៀត ដោយលុបបណ្ដាញ Wi-Fi ដែល MacOS ចងចាំទុក។
នៅលើផ្ទាំង Network ក្នុង System Preferences ចុចលើប៊ូតុង Advanced នៅផ្នែកខាងក្រោម > នឹងឃើញបញ្ជី Preferred Networks > ក្នុងនោះជា បណ្ដាញ Wi-Fi អ្នកធ្លាប់ភ្ជាប់ប្រើពីមុន ហើយ MacBook ចងចាំ សម្រាប់ប្រើពេលក្រោយ។
អ្នកចុចលើ បណ្ដាញ Wi-Fi ណាមួយ > ចុចលើប៊ូតុងសញ្ញាដកដើម្បីលុបចោលពីបញ្ជី > នឹងអាចឃើញបណ្ដាញនោះម្ដងទៀត រួចបញ្ចូលពាក្យសំងាត់ ក្នុងការភ្ជាប់៕